តម្លៃ.net សូមស្វាគមន៍!

ទីក្រុងធំទី២បន្ទាប់ពីរាជធានីអង្គរ

ប្រាសាទកោះកេរ្តិ៍ជាប្រាសាទដែលស្ថិតនៅកណ្តាលព្រៃព្រឹក្សាមានសម្រស់ស្រស់ស្អាត។ មិនត្រឹមតែប៉ុណ្ណោះនៅក្បែរៗនោះមានប្រាសាទជាច្រើនទៀតចំនួន៩៦ប៉ុន្តែប្រាសាទភាគច្រើនទាំងនោះមានសភាពទ្រុឌទ្រោម ខ្លះៗកប់ដី ខ្លះស្ថិតក្នុងព្រៃជ្រៅ ខ្លះខូចខាតជាដើម។

ប្រាសាទកោះកេរ្តិ៍មានទីតាំងស្ថិតនៅក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង ស្រុកគូលេនចម្ងាយ៧២គីឡូម៉ែត្រ តាមផ្លូវជាតិលេខ ២៣គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប និង តាមផ្លូវលេខ ២១១ និង ផ្លូវលំ ចម្ងាយ ៤៩គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ ក្រុមប្រាសាទកោះកេរ្តិ៍សង់លើផ្ទៃដីខ្ពង់រាបដែលមានឈ្មោះថាឆកគគី ដោយព្រះបាទជ័យវ័រ្មនទី៤ (៩២៨-៩៤២)សំរាប់ឧទ្ទិសដល់អាទិទេពមួយអង្គឈ្មោះ ត្រីភូវនេស្វរៈ ជាអាទិទេពធំ ឬ ផ្តល់សេចក្តីសុខ ក្នុងពិធីសក្ការៈទេវរាជមនុស្សលោក។ ប្រាសាទកោះកេរ្តិ៍ មានលក្ខណៈជាប្រាសាទភ្នំកំពស់ប្រមាណ ៣៥ម៉ែត្រមាន ៧ថ្នាក់រាងជាមហាចេតិយ៍បែរមុខនោះទៅទិសខាងលិច។ ប្រាសាទកោះកេរ្តិ៍ កសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៤ ក្នុងរបវាងគ.ស៩២១-៩៤៤។ ក្រុមប្រាសាទដែលស្ថាបនា​ដោយ​ឥដ្ឋ, ថ្មបាយក្រៀមនិងថមផក់ដែលជាការសាងសង់រាជធានីបណ្តោះអាសន្នសំរាប់ព្រះបាទជ័យវរ្ម័នទី៤ នៅក្នុងកាល:ទេស:​ដែលរាជធានីអង្គរបានធ្លាក់ក្នុងសង្រ្គាម។ កោះកេរ្តិ៍ គឺជាទីក្រុងធំទី២ របស់កម្ពុជា បន្ទាប់ពីរាជធានីយសោធបុរ: (រាជធានីអង្គរ)។​​

កោះកេរ្តិ៍ គឺជារាជធានីចាស់បុរាណមានអាយុប្រមាណជាង ១០០០ឆ្នាំ។ ក្រុមប្រាសាទកោះកេរ្តិ៍ ដែលបានរកឃើញសព្វថ្ងៃ មានចំនួន ៩៦ ប្រាសាទដូចជា ប្រាសាទដាវ រំលំបី បឹងវែង ត្រពាំងព្រៃ ដីឆ្នាំង ស្រុងស្រឡៅ លិង្គ គុកស្រគំ ត្រពាំងតា សុភី ក្រហម អណ្តូង អង្គខ្នា ទឹកក្រហម ដំរីស ក្ររាប់ បន្ទាយពីរជាន់ គុក ខ្មៅ ថ្នឹង ធំបល័ង្គ រហាល ចំនេះ សំពេច ត្រពាំងស្វាយ នាងខ្មៅ ប្រាំ បាត់ ខ្នារចិន ឃ្លុំ ច្រាប ដងទង់ ប្រាង្គ កំផែង។ល។ ប្រាសាទទាំងនេះពុំបានសាងសង់ ជាប់គ្នាទេ គឺនៅដាច់ៗពីគ្នាពី ១គីឡូម៉ែត្រ ទៅ ៣គីឡូម៉ែត្រ ឬ ៤គីឡូម៉ែត្រ បច្ចុប្បន្នប្រាសាទនេះត្រូវខូចខាត បាត់រូបរាង ខ្លះកប់ក្នុងដីជាដើម។ ឧទាហរណ៍ដូចជា

ប្រាសាទនាងខ្មៅ:

នៅលើដីទួលមួយបែរមុខឆ្ពោះទៅទិសខាងលិច។ ប្រាសាទនេះសង់អំពីថ្មភក់ កំពស់ប្រមាណ ២០ម៉ែត្រ រាងជាចេតីយ៍ពណ៌ខ្មៅ មានខឿនកំពស់ប្រមាណជាង ២ម៉ែត្រ ចែកចេញជា ៣ថ្នាក់មានកំផែងធ្វើពីថ្មបាយក្រៀម ព័ទ្ធជុំវិញមានខ្លោងទ្វារ ចេញចូលតែពីរទេ គឺខាងលិច និង ខាងកើតតែប៉ុណ្ណោះហើយមានកំពស់ ប្រមាណ២ម៉ែត្រ។ ប្រាសាទចិន: នៅខាងមុខប្រមាណជា ៥០០ម៉ែត្រ - ៦០០ម៉ែត្រមានប្រាសាទមួយទៀតមានកំពូលបី ដូចប្រាសាទអង្គរដែរ តែប្រាសាទនេះ បែរមុខទៅកើត សង់អំពីថ្មបាយក្រៀម និង ថ្មភក់។ ក្នុងប្រាសាទឃើញមានសល់តែលឹង្គ មួយកំណាត់ទំរ ៥ នៅខាងមុខប្រាសាទនេះមានរូបបដិមាករមួយកំណាត់ គឺជារូបព្រះបាទជ័យវ័រ្មនទី៤ ដេកផ្កាប់មុខទៅលើដី ប្រាសាទនេះគេឱ្យឈ្មោះថាប្រាសាទចិន។

អណ្តូងប្រេង:

ទៅមុខប្រមាណ ៨០០-៩០០ម គឺអណ្តូងប្រេង។ អណ្តូងនេះមានលក្ខណៈដូចស្រះ យើងដូច្នេះដែរ គឺមាត់លើប្រមាណ ២០មx ២០ម ជំរៅជ្រៅមានខឿនថ្ម រៀបជុំវិញពីផ្ទៃទឹក ឡើងទៅលើ ខ្ពស់ជាងផ្ទៃដីប្រមាណ៧-៨តឹក ថ្មមួយដុំៗ ទំហំ១មx ០,៧ម។ អណ្តូងនេះមានទឹកថ្លាឈ្វេង នៅក្រោមម្លប់ឈើ ត្រឈឹងត្រឈៃបច្ចុប្បន្ន ជាទីស្នាក់អាស្រ័យ របស់អ្នកដំណើរ ដែលធ្វើដំណើរកាត់ តាមទីនេះ។

ប្រាសាទគុក ឬ គោបុរៈ

សង់អំពីថ្មភក់ មានចំលាក់ផ្កាភ្ញីត្របកផ្កាឈូក នៅតាមហោជាង និង ក្លោងទ្វារខ្លះៗតែប៉ុណ្ណោះ ដោយឡែកតួប្រាសាទ គឺនៅសល់ប្រមាណ ៧០-៨០% និង មានចំលាក់សិវលឹង្គនៅខាងក្នុង ដែលសព្វថ្ងៃបាត់ និង ខូចខាត។

ប្រាសាទប្រាង្គ

បន្ទាប់មកទៀតគឺ ប្រាសាទប្រាង្គ ប្រាសាទនេះធ្វើអំពី ថ្មភក់ និង ឥដ្ឋ មានប្រាំតំណាក់ ចែកចេញពីគ្នា មានកំពូលប្រាសាទ ដូចប្រាសាទអង្គរធំ នៅសល់ប្រមាណ៧០-៨០%។

ប្រាសាទក្រហម

បន្តទៀតប្រមាណ ១០ម គឺប្រាសាទក្រហម។ ប្រាសាទនេះសង់អំពីឥដ្ឋបុរាណ មានរូបរាងជាពីរ៉ាមីត ចែកចេញជា ៧ថ្នាក់ មានក្បាច់ត្របកផ្កាឈូក ជុំវិញកំពស់ប្រមាណជិត ២០ម។ នៅខាងក្នុងប្រាសាទនេះ គឺជាកន្លែងតំកល់រូប ព្រះសិវមួយអង្គ យ៉ាងធំកំពស់ប្រមាណ ៣ម ដែលមានព្រហស្ថ ៨ ព្រះកេស ៤ បច្ចុប្បន្នបាក់បែកជាបំណែកៗ ដែលយើងអាចមើល ស្គាល់តិចតួច ខាងក្រោមគឺមានទំរ ៤ ដែលមានទំហំ ១ម២ នៅនឹងកន្លែង។ល។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩
  • ថ្ងៃនេះ 153
  • ម្សិលមិញ 198
  • ចំនួនសរុប 270158
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ